ការពារជាតិ លើកពាន Asia Pre-Season ក្រោយវាយបកឈ្នះស្វាយរៀង

ភ្នំពេញ៖ ពានរង្វាន់មិត្តភាពបាល់ទាត់ក្លឹបអាស៊ី Asia Club Pre-Season Championship បានរកឃើញហើយ គឺបានទៅក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ បន្ទាប់ពីវាយបកយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងលទ្ធផល ៦-៤ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើទីលានពហុកីឡដ្ឋានជាតិ នាយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

ជំនួបតានតឹងរវាងក្រុមតំណាងប្រទេសកម្ពុជាទាំង ២ក្រុមនេះបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ក្នុងការប្រកួតរយៈពេល ៩០នាទី ក្នុងនោះចុងតង់ទី១ កីឡាករ Moneke Ugochukwu OBI បានជួយព្រះខ័នរាជស្វាយរៀង នាំមុខ ១-០ លើក្រសួងការពារជាតិ ប៉ុន្ដែដោយសារកីឡាករអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៣នេះ បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ អាជ្ញាកណ្ដាលក៏ផ្ដល់បាល់ពិន័យ ១១ម៉ែត្រឲ្យក្រុមក្រសួងការពារជាតិ ហើយវាយបកតាមស្មើ ១-១ ត្រឹមនាទីទី៧៣ ដែលធ្វើសម្រេចដោយកីឡាករ Choe Myong Ho ។

បន្ទាប់ពីបញ្ចប់ដោយលទ្ធផលស្មើគ្នាបែបនេះ ពុំមានការបន្ថែមម៉ោង ១៥នាទី ២ដងឡើយ គឺគណៈកម្មការសម្រេចផ្ដល់បាល់ប៉េណាល់ទីកាត់សេចក្ដីចំនួន ៥គ្រាប់ម្ខាងតែម្ដង ។ ជាមួយការទាត់បាល់យកជើងឯកនេះ កីឡាករក្រុមម្ចាស់ពានក្រសួងការពារជាតិ ធ្វើសម្រេចបានទាំង ៥គ្រាប់ ខណៈកីឡាករក្រុមព្រះខ័នរាជស្វាយរៀង ទាត់ចូល ៤គ្រាប់ និងអត់ចូល ១គ្រាប់ ដែលធ្វើមិនបានសម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម ។ ដូច្នេះក្រសួងការពារជាតិ ក៏បានយកឈ្នះ ៥-៣ ដើម្បីគ្រងតំណែងជើងឯកពានរង្វាន់អន្ដរជាតិលើកដំបូងនេះ ។

ដោយឡែកសម្រាប់ចំណាត់ថ្នាក់លេខ៣ គឺបានទៅអតីតក្រុមជើងឯកលីគកំពូលសិង្ហបុរី ៩ជំនាន់ Warriors FC បន្ទាប់ពីយកឈ្នះក្រុម PJ Ranger FC មកពីលីគកំពូលម៉ាឡេស៊ី ដោយលទ្ធផល ២-០ ក្នុងជំនួបលើវាលស្មៅសិម្បនិម្មិតពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញក្នុងថ្ងៃជាមួយគ្នានេះ ៕

អត្ថបទ៖ បុត្រា
ប្រភព៖ Camsports

Leave a Reply

Your email address will not be published.


*


Scroll Up