Marseille និង Manchester City កំពុងតាមប្រមាញ់ Koscielny

យោងតាមសារពត៌មានកីឡារបារាំង RMC Sport បានអោយដឹងថាក្រុម Marseille និង Manchester City ចង់បានខ្សែការពារ Laurent Koscielny របស់ Arsenal រដូវក្តៅនេះ។

បើតាមសេចក្តីរាយការណ៍នេះអះអាងថាក្រុម Marseille មិនមានការចាប់អារម្មណ៍លើកីឡាករ Olivier Giroud ទេតែផ្ទុយទៅវិញពួកគេបែរមកចាប់អារម្មណ៍លើការនាំយក Koscielny ត្រឡប់ទៅប្រទេសបារាំង។

ទោះជាយ៉ាងណាក្រុមជើងខ្លាំងក្របខ័ណ្ឌ Ligue 1 ត្រូវប្រជែងគ្នាជាមួយក្រុមជើងខ្លាំងអង់គ្លេស Manchester City ដែលអាចនឹងចាយលុយធំជាងខ្លួនមកពង្រឹងការការពារក្រុមនៅរដូវក្តៅនេះ។

Koscielny បានបន្តកិច្ចសន្យារបស់គាត់កាលពីខែមករាឆ្នាំទៅនៅ Arsenal រហូតដល់ឆ្នាំ 2020។ កីឡាករនេះក៏ធ្លាប់បានព្រលយពាក្យកាលពីមុនថាគាត់នឹងនៅក្នុងក្រុម Arsenal រហូតដល់គាត់បានចូលនិវត្តន៍។

គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកដំបូងទេដែលមានការរំពឹងទុកអំពី Koscielny និងជាមួយក្រុម Marseille ខណៈមានប្រភពពត៌មានមួយបានអះអាងថា គាត់អាចត្រូវក្រុមនៅបារាំងនេះល្បួងអោយចូលរួមជាមួយគេបាន។

ច្បាស់ណាស់នឹងមានការផ្លាស់ប្តូរធំមួយនៅក្នុងក្រុម Arsenal នៅរដូវក្តៅនេះប៉ុន្តែ Koscielny ក៏ជាកីឡាករច្បាស់ការមួយរូបដែរដែល Arsenal នឹងរក្សាទុក ព្រមទាំងមិនអនុញ្ញាតអោយគាត់ចាកចេញទៅក្រុមផ្សេងឡើយ។

អ្វីទាំងអស់នេះវាពឹងផ្អែកសំខាន់លើកាំភ្លើងធំ Arsenal តើអាចបញ្ចប់រដូវកាលនេះបានល្អកំរិតណា ហើយអ្នកណាជាអ្នកដឹកនាំនៅឆ្នាំក្រោយនេះ។

កាំភ្លើងធំ Arsenal កំពុងស្វែងរកកៅអី Top4 យ៉ាងពិបាក តែក៏អាចក្លាយជាជើងឯកពាន FA Cup ប្រសិនបើពួកគេអាចផ្តួលក្រុម Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្របាន៕

Leave a Reply

Your email address will not be published.


*


Scroll Up