លោក Wenger៖ Marseille មិនបានទាក់ទងមក Giroud ទេ ហើយលោកក៏មិនចង់អោយ Giroud ចាកចេញដែរ

លោក Arsene Wenger បានរំលឹកថាលោកចង់រក្សាទុកកីឡាករ Olivier Giroud នៅ Arsenal បន្តទៀត បន្ទាប់ពីមានពត៌មានភ្ជាប់ទំនាក់ទំនងដោះដូររវាងកីឡាករអន្តរជាតិបារាំងនេះជាមួយនឹងក្រុម Marseille។

ក្រុម Marseille ក្នុងក្របខ័ណ្ឌ Ligue 1 របស់បារាំងបានត្រៀមខ្លួនរួចរាល់ហើយនិងរីករាយក្នុងការចំណាយ 20លានផោនលើកីឡាករ Giroud ក្នុងរដូវក្តៅខាងមុខ។

Giroud បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីកាលពីដើមឆ្នាំជាមួយ Arsenal រហូតដល់ឆ្នាំ 2020 ប៉ុន្តែមិនសូវបានជាប់ជាជំរើសដំបូងឡើយ ព្រោះថារូបគេត្រូវប្រជែងគ្នាជាមួយកីឡាករ Alexis Sanchez។

លោក Wenger ត្រូវបានគេសួរអំពីអនាគតរបស់ Giroud នៅក្នុងសន្និសីទកាសែតមុនការប្រកួតជាមួយក្រុម Leicester លោកឆ្លើយថាគាត់មិនមានបំណងលក់កីឡាករនោះទេ។

លោក Wenger៖ យើងមិនបានទាក់ទងជាមួយ Marseille ទេ យើងចង់ទុក Olivier Giroud នៅទីនេះ។

ស្របពេលជាមួយគ្នានេះ លោក Wenger បានសរសើរ Sanchez ក្រោយផ្តួលក្រុម Manchester City កាលពីថ្ងៃអាទិត្យ កក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup។

លោក Wenger បន្ត៖ ការប្រយុទ្ធរបស់ Sanchez មានប្រសិទ្ធិភាពគួរឱ្យកត់សម្គាល់។ គាត់ជួយបានច្រើនជាពិសេសក្នុងតំបន់ប្រយុទ្ធ គាត់តែងតែធ្វើរឿងដែលនឹកស្មានមិនដល់៕

Leave a Reply

Your email address will not be published.


*


Scroll Up