Barcelona ទទួលស្គាល់ថាពិបាកនាំយក Bellerin ពី Arsenal

លោក Robert Fernandez ជានាយកកីឡាប្រចាំក្លិប Barcelona បានទទួលស្គាល់ថា ភាគីខាងលោកមានការលំបាកខ្លាំងណាស់ក្នុងការនាំយកកីឡាករ Hector Bellerin ពី Arsenal ។

មានពាក្យចចាមអារាមជាច្រើនបានកើតឡើងជុំវិញការវិលត្រឡប់មកកាន់ទឹកដី Camp Nou ថ្វីបើ Bellerin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងថ្មី ជាមួយ Arsenal តាំងពីខែវិច្ឆិកា 2016 ក្តី។

ឥឡូវខ្សែការពារនេះបានសារភាពថារូបគេក៏មានការចាប់អារម្មណ៍ពិសេសត្រឡប់មកអតីតក្លិបរបស់គាត់ដែរ ប៉ុន្តែប្រធានក្លិប Barcelona បែរជាថាក្លិបប្រហែលរកកីឡាករផ្សេងទៅវិញនៅរដូវក្តៅខាងមុខ។

លោកនាយកក្លិប Barcelona បានប្រាប់សារពត៌មាន El Mundo Deportivo ថា៖ ពិតណាស់ Hector Bellerin គឺជាកីឡាករល្អ ។ គេស្គាល់គាត់គ្រប់ៗគ្នា កំរិតលេងរបស់គាត់ល្អ ប៉ុន្តែនៅមានកីឡាករផ្សេងទៀតដែលអាចលេងបានល្អដូចគាត់ផងដែរ។ ភាគច្រើនកីឡាករល្អៗទាំងនោះកំពុងស្ថិតនៅក្រោមកិច្ចសន្យាជាមួយក្លិបរបស់ខ្លួន។ ជាពិសេសកិច្ចសន្យារយៈពេលវែង វាជារឿងលំបាកខ្លាំងណាស់បើចង់បានរូបគេ។

លោក Fernandez ទទួលស្គាល់ថា គាត់កំពុងសម្លឹងរកមើលការពង្រឹងក្លិបរដូវក្តៅនេះ ប៉ុន្តែបានព្រមានថាពួកគេនឹងទិញតែកីឡាករណាដែលមានសមត្ថភាពអាចជួយក្រុមរបស់គេអោយរឹងមាំប្រសើរឡើងតែប៉ុណ្ណោះ ។

លោក Fernandez ៖ យើងបើកចំហការនាំយកកីឡាករណាម្នាក់ដែលមានគំនិតថាចង់អោយក្រុមរីកចំរើន ក្នុងគោលបំណងតែមួយគត់គឺពង្រឹងក្លិប Barcelona ឱ្យប្រសើរឡើង វាជារឿងលំបាកខ្លាំងណាស់ព្រោះថាក្រុមរបស់យើងជាក្រុមខ្លាំង យើងត្រូវតែផ្ដល់តម្លៃដល់អ្វីដែលយើងមាន ។

សំដីរបស់លោក Fernandez បានធ្វើអោយអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal មានអារម្មណ៍សប្បាយរីករាយ ស្របពេលជាមួយគ្នានឹងសំដីរបស់ Bellerin កាលពីសប្តាហ៍មុន ជុំវិញនាគតរបស់គាត់។

Leave a Reply

Your email address will not be published.


*


Scroll Up