Arsenal កំណត់ទិសដៅយកអ្នកចាំទី Kasper Schmeichel របស់ Leicester City

ក្រុមកាំភ្លើងធំ Arsenal បានកំណត់ទិសដៅសម្រាប់ការផ្លាស់ប្តូរនៅរដូវក្តៅខាងមុខនេះលើអ្នកចាំទីរបស់ក្រុម Leicester គឺកីឡាករ Kasper Schmeichel នេះជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាលោក Wenger កំពុងតែមានផែនការនៅបន្តជាមួយកាំភ្លើងធំនាពេលអនាគត ។

បើយោងតាមសេចក្តីរាយការណ៍របស់គេហទំព័រ The Mirror បានលើកឡើងថា ការកំណត់ទិសដៅនេះ ជាការត្រៀមលក្ខណៈសំរាប់ជំនួសតំណែងអ្នកចាំទីដៃទីមួយបច្ចុប្បន្នកីឡាករ Petr Cech សម្រាប់រដូវកាលក្រោយ ខណៈកីឡាករ David Ospina ទំនងជានឹងចាកចេញនៅរដូវក្តៅនេះ ក្នុងការស្វែងរកកន្លែងណាដែលអាចអោយរូបគាត់បានជាប់ជាជំរើសដំបូង ។

ជាមួយគ្នានេះដែរ គេហទំព័រនេះក៏ធ្លាប់បានរាយការណ៍អំពីកិច្ចព្រមព្រៀងថ្មីរយៈពេលពីរឆ្នាំរបស់លោក Arsene Wenger ដែរ ដែលមើលទៅទំនងជាអ្នកគ្រប់គ្រងសញ្ជាតិបារាំងនេះ នឹងទទួលបន្ទុកដឹកនាំមែនទែនហើយនាពេលអនាគត ព្រមទាំងចង់ពង្រឹងក្រុមយ៉ាងខ្លាំងនៅរដូវក្តៅនេះ។

ពេលនេះទឹកដី Emirates ហុំព័ទ្ធដោយពពកខ្មៅងងឹតនៅជុំវិញ លាយលុំនឹងទំរង់លេងធ្លាក់ចុះផង ធ្វើអោយអនាគតអ្នកគ្រប់គ្រងរបស់ក្លិបស្ថិតក្នុងសភាពមិនច្បាស់លាស់ ព្រមជាមួយគ្នានេះដែរតារាឆ្នើមមួយចំនួននៅក្នុងក្រុមក៏មានបំណងចាកចេញនៅរដូវក្តៅនេះ។ ក្រុមប្រឹក្សាភិបាលកាំភ្លើងធំ Arsenal មានជម្រើសតិចតួច ប៉ុន្តែបានធ្វើការវិនិយោគយ៉ាងខ្លាំងក្នុងទីផ្សារដោះដូរកីឡាករ ដើម្បីជួសជុលបញ្ហាមួយចំនួនដែលនៅទូទាំងក្រុមនេះមួយ។

ក្រោមការបង្ហាញខ្លួនលើទីលាន អ្នកចាំទី Petr Cech ក៏ទទួលបានការរិះគន់ជាច្រើនផងដែរ នេះជាសញ្ញាបង្ហាញយ៉ាងច្បាស់ពីឱកាសថ្មី បើយោងលើអាយុរបស់គាត់ វាងាយនឹងរងគ្រោះ ខណៈរបួសសាច់ដុំកំភួនជើងបច្ចុប្បន្នអាចអោយគាត់ត្រូវសំរាកព្យាបាលរយៈពេលវែង ។ ទោះបីជាអាជីពរបស់គាត់ក្នុងក្រុមកាំភ្លើងធំ Arsenal មិនទាន់ហួសពេលក៏ពិតមែន រដូវកាលក្រោយគាត់នឹងត្រូវពង្រឹងខ្លួនឯងបន្ថែមទៀត ក្នុងពេលដែលអ្នកចាំទី David Ospina មានសម្ថភាពគ្រប់គ្រាន់។

ចាប់តាំងពី Petr Cech ផ្ទេរមកពីក្រុម Chelsea ក្នុងឆ្នាំ 2015 អ្នកចាំទីអន្តរជាតិកូឡុំប៊ីក៏ស្ថិតជាជំរើសទីពីរក្រោមការគ្រប់គ្រងរបស់លោក Arsene Wenger ហើយមានឳកាសបង្ហាញខ្លួនតែក្នុងការប្រកួតពានផ្សេងៗទៅវិញ ។

បំណងចង់បានអ្នកចាំទី Kasper Schmeichel ខណៈពេលដែលក្រុម Leicester បានបណ្តេញអ្នកដឹកនាំចាស់លោក Claudio Ranieri កាលពីពេលថ្មីៗនេះ ។ អ្នកចាំទី Schmeichel រឹងមាំ និងបានក្លាយជាអ្នកចាំទីល្អបំផុតនៅរដូវកាលនេះ។ បច្ចុប្បន្នមានតម្លៃរបស់គាត់ប្រហែល 6,8លានផោន ។

មួយវិញទៀត អ្នកចាំទី Wojciech Szczesny កំពុងពិចារណាការវិលត្រឡប់មកកាន់កាំភ្លើងធំ Arsenal វិញក្រោយពីកិច្ចសន្យាខ្ចីជើងរបស់គាត់បញ្ចប់នៅក្រុម Roma។ ទោះជាយ៉ាងណា នៅក្នុងប្រទេសអ៊ីតាលីគាត់មិនបានបង្ហាញសម្ថភាពដល់កំរិតល្អមួយទេ ។

អ្នកចាំទី Schmeichel វ័យ 30 ឆ្នាំកំពុងរីកចំរើនខ្លាំងក្នុងអាជីពរបស់គាត់ និងអាចទទួលយកបានបើសិនជាមានការដោះដូរមែន។ តើអ្នកគាំទ្រកាំភ្លើងធំ Arsenal គិតយ៉ាងណា? សូមចែករំលែកគំនិតរបស់អ្នកក្នុងប្រអប់ comment ដូចខាងក្រោម👇👇

Leave a Reply

Your email address will not be published.


*


Scroll Up