Cech របួសកំភួនជើង

អ្នកចាំទី Petr Cech របស់ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវអវត្តមានយ៉ាងហោចណាស់មួយខែដោយសារបញ្ហារបួសសាច់ដុំកំភួនជើង នេះបើយោងតាមគេហទំព័រ The Mirror

Petr Cech ត្រូវបង្ខំអោយដូរចេញក្នុងអំឡុងពេលកាំភ្លើងធំ Arsenal ប្រកួតចាញ់ 3 ទល់ 1 កាលពីថ្ងៃសៅរ៍នេះ លើក្រុម West Brom ឥឡូវដោយសារបញ្ហានេះ អាចនឹងធ្វើអោយគាត់ត្រូវអវត្តមានយូរជាងនេះទៅទៀត។

អ្នកចាំទី Petr Cech ត្រូវបានគេរំពឹងថានឹងខកខានការប្រកួតទល់នឹង Manchester City, West Ham និង Crystal Palace ខណៈដែលក្រុមកាំភ្លើងធំ Arsenal កំពុងទាមទារជ័យជំនះមកវិញនៅគ្រប់ការប្រកួតដែលនៅសល់ បន្ទាប់ពីទទួលរងបរាជ័យបួនប្រកួតជាប់ៗគ្នានៅ Premier League ។

កូនក្រុមរបស់លោក Arsene Wenger បានបង្ហាញទំរង់លេងធ្លាក់ចុះយ៉ាងខ្លាំង ពេលនេះបានធ្លាក់មកនៅចំណាត់ថ្នាក់លេខប្រាំមួយក្នុងកំពូលតារាង Premier League ខណៈនេះលោក ត្រូវការជ័យជំនះណាស់ ដើម្បីនាំកាំភ្លើងធំអោយមកនៅលេខរៀងទីបួន ក្រោយពេលប្រមូលផ្តុំកីឡាករវិញ បន្ទាប់ពីបានសម្រាកជាលក្ខណៈអន្តរជាតិ international break ។

អ្នកចាំទី Petr Cech បានបង្ហាញខ្លួន 27 ប្រកួតនៅ Premier League សម្រាប់ក្រុមកាំភ្លើងធំ Arsenal នៅរដូវកាលនេះ បើនិយាយអំពីអវត្តមានរបស់គាត់ នឹងផ្ដល់ឳកាសអោយអ្នកចាំទី David Ospina បង្ហាញពីសម្ថភាពវិញម្តង។

អ្នកចាំទី Ospina អង្គុយនៅកៅអីបំរុង និងភាគច្រើនអាចមានវត្តមានតែនៅពេលដែលកាំភ្លើងធំ Arsenal ប្រកួតពានរង្វាន់អ្វីមួយក្នុងរដូវកាលនេះ ក្នុងនេាះផងដែរអ្នកចាំទីនេះធ្លាប់បានជាប់ជាជំរើសដប់មួយនាក់ដំបូងរបស់លោក Arsene Wenger ក្នុងក្របខ័ណ្ឌ Champions League និង FA Cup ។

ស្ថិតក្នុងវ័យ ម្ភៃប្រាំបីឆ្នាំ អ្នកចាំទីអន្ដរជាតិកូឡុំប៊ីនេះ ត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីក្លិបនៅរដូវក្តៅខាងមុខ ដោយសារតែរូបគេមិនសូវមានឳកាសបង្ហាញខ្លួនជាជំរើសដំបូង ម្យ៉ាងទៀតរូបគេត្រូវការពង្រឹងសម្ថភាពអោយខ្លាំងជាងនេះ ខណៈខ្លួនត្រូវចូលរួមជាមួយក្រុមជំរើសជាតិសម្រាប់ការប្រកួត World Cup 2018 ។

យ៉ាងណាក៏ដោយ បើយោងតាមបទពិសោធ អ្នកចាំទី Cech នៅតែជាអ្នកចាំទីកំពូលរបស់កាំភ្លើងធំ Arsenal ទោះខកខានមិនបានចូលរួមប្រកួតសំខាន់ៗជាមួយ Manchester City និងក្រុម West Ham ក្តី។

Leave a Reply

Your email address will not be published.


*


Scroll Up