Asian Clubs Pre-Season ចាប់​ផ្ដើម​ថ្ងៃ​នេះ​

ការប្រកួត ​បាល់​ទាត់​មិត្តភាព​ពានរង្វាន់ Asian Pre-Season Championship នឹង​ចាប់​ផ្ដើម​នៅ​​ល្ងាច​ថ្ងៃ​ពុធ ទី០១ ខែ​មករា នេះ​ចាប់ពី​ម៉ោង​៤​ល្ងាច​ត​​ទៅ​ នៅ​ពហុកីឡដ្ឋាន​ជាតិ​។
ដោយឡែក នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ទី៣១ ខែ​មករា សន្និសីទ​ស្ដី​ពី​ព្រឹត្តិការណ៍​នេះ ត្រូវបាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ដោយ​មាន​ការ​ចូលរួម​ពី​​​គ្រូ​បង្វឹក​ និង ប្រធាន​ក្រុម​ប្រចាំ​ក្រុម​ទាំង​៤ ដែល​មាន​ក្រសួងការពារ​ជាតិ, ព្រះខ័នរាជ​ស្វាយរៀង, Warrior FC និង Petaling Jaya Rangers។
លោក ទេព ឡុងរចនា គ្រូ​បង្វឹក​ក្លិប​បាល់​ទាត់​​​ក្រសួងការពារ​ជាតិ​ អះអាងថា ទោះ​បីជា​ Asian Clubs Pre-Season នេះ​ជា​ការប្រកួត​បែប​កម្ដៅ​សាច់​ដុំ​ក៏​លោក​នឹង​រៀបចំ​បច្ចេក​ទេស​ និង ប្រព័ន្ធ​​លេង​ឲ្យបាន​ល្អមិន​ខុស​ពី​ការប្រកួត​ផ្លូវការ​ទេ ព្រោះ​កម្មវិធី​នេះ​ប្រៀប​ដូចជាការដកស្រង់​ពិសោធន៍​ពង្រឹង​ក្រុម​អ៊ីចឹង​ដែរ ​​។ 
ចំណែក លោក ខេន សុខុម គ្រូ​ជំនួយក្លិប​ព្រះខ័នរាជស្វាយរៀង ថ្លែងថា លោក​ពិត​ជា​រីករាយ​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ ព្រោះ​វា​ជួយ​ឲ្យ​ក្រុម​លោក​ទទួល​​បាន​​​បច្ចេក​ទេស​ល្អៗ​ពី​ក្រុម​ដទៃ​ ជា​ពិសេស​មាន​ឱកាស​បាន​ជួប​ក្រុម​ពី​ក្រៅ​ប្រទេស​ថែម​ទៀត​។  
ក្នុង​នោះ​ដែរ លោក Ham Dan អ្នក​ចាត់​អ្នកចាត់ការ​ក្លិប​ PJ Rangers មក​ពី​ប្រទេស​ម៉ាឡេស៊ី បង្ហើប​ថា ​ក្រុម​របស់​លោក​មិន​បាន​នាំ​កីឡាករ​បរទេស​មក​ទេ ព្រោះ​ក្នុងការប្រកួត​លីគ​ដែល​លោក​ចូលរួម​​អនុញ្ញាត​ឲ្យប្រើ​តែកីឡាករ​ក្នុង ​ស្រុក​សុទ្ធសាធ។
ជាចុងក្រោយ លោក Lazif Onn គ្រូ​បង្គោល​ក្លិប Warriors មក​ពី​សឹង្ហបុរី បញ្ជាក់ថា ​ក្នុង​ចំណោម​៣​ក្រុម​​ផ្សេងទៀត លោក​មិន​ចាត់ទុកក្រុម​ណា​ខ្លាំង​ជាង​ក្រុម​ណាទេ ពោល​គឺ​លោក​គោរព​ចំពោះ​ដៃគូ​ជា​និច្ច​។ ដូច្នេះ ក្រុម​របស់​លោក​នឹងប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុងការប្រកួត​។
នៅ​ថ្ងៃ​ បើក​ឆាក​ Asian Clubs Pre-Season ​ថ្ងៃពុធ នេះ​ ក្លិប​ព្រះខ័នរាជ​ស្វាយរៀង​ នឹង​ត្រូវ​ជួប Petaling Jaya Rangers របស់​ម៉ាឡេស៊ី វេលា​​ម៉ោង​៤​ល្ងាច​ ខណៈ​ក្រសួងការពារ​ជាតិ ប៉ះ Warriors FC មក​ពី​សឹង្ហបុរី វេលាម៉ោង​​៧​ល្ងាច​។ ក្នុងនោះក៏​មាន​ការ​ប្រគំតន្ត្រី​ដោយ​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង និង កំប្លែង​ល្បីៗ​ផងដែរ​៕
ប្រភព ៖ កីឡាដេលី
អត្ថបទ ៖ អភ័យវង្ស
  

Leave a Reply

Your email address will not be published.


*


Scroll Up