ភ្នំពេញ​ក្រោន​ ចាញ់ Home United ទាំង​ប្រផុត​ប្រផើយ​ ៣-៤ ក្នុង​ដី​ខ្លួនឯងជើង​ទី១

ក្រុម​ម្ចាស់​ផ្ទះ​​ភ្នំពេញ​ក្រោន​បាន​ចាញ់​​​ក្រុម​ភ្ញៀវ​ Home United របស់​សិង្ហបុរី​ដោយ​លទ្ធផល​ ៣-៤ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​​ពាន​រង្វាន់​ AFC Cup ប្រចាំ​​តំបន់​អាស៊ាន​ក្នុង​ជើង​ទី​១។

  • Home United រក​គ្រាប់​បាល់​ទី១​​នៅ​នាទី​ទី​៣៤
  • Home United រក​គ្រាប់​បាល់​ទី​​២​​​​នៅ​នាទី​ទី​៣៦
  • ភ្នំ​ពេញ​ក្រោន រក​គ្រាប់​បាល់​ទី​១​​នៅ​នាទី​៤៥+២
  • ខ្សែ​ការពារ​ភ្នំពេញ​ក្រោន​ទាត់​បាល់​ខុស​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង
  • កែវ សុខង៉ន ស៊ុត​ចូល​គ្រាប់​ទី​២​ឲ្យ​ភ្នំពេញ​ក្រោន​នៅ​នាទី​៨៤
  • Home United រក​គ្រាប់​បាល់ទី​៤​​​​នៅ​នាទី​ទី​៨៦
  • Booysen ស៊ុត​បាល់ពិន័យ​ចូល​យ៉ាង​ស្អាត​នៅ​នាទី​៩០+៥

ការ​ប្រកួត​​នៅ​កីឡដ្ឋាន​ RSN របស់​ភ្នំពេញ​ក្រោន​ ក្រុម​ទាំង​ពីរ​ធ្វើ​បាន​ល្អ​ និង​មាន​ឱកាស​បញ្ជូន​បាល់​ទៅ​តំបន់​គ្រោះ​ថ្នាក់​ដូច​គ្នា​ ប៉ុន្តែ​ការ​វាយ​បក​របស់​ក្រុម​ភ្ញៀវ​ហាក់​មាន​អំណោយ​ផល​ច្រើន​ជាង។ នៅ​នាទី​ទី​៣៤​ខ្សែ​ការពារ​របស់​ភ្នំពេញ​ក្រោន​បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ ថ្នាក់​ដែល​បណ្តាល​ឲ្យ​ Home United ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ និង​ស៊ុត​ចូល​សម្រេច​ដោយ​កីឡាករ Faris Ramli។ ២​នាទី​ក្រោយ​មក​​កីឡាករ​រូប​នេះ​ដដែល​រក​​បាល់​គ្រាប់​ទី​២​ បន្ទាប់​ពី​ខ្សែ​ការពារ​បញ្ជូន​បាល់​វាយ​បក​យ៉ាង​លឿន។

ចំពោះ​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​បាន​​ព្យាយាម​វាយ​សម្រុក​តាំង​ពី​ដើម​វគ្គ ​គឺ​មិន​អត់​ប្រយោជន៍​ឡើយ​ដោយ​នៅ​នាទី​ទី​៤៥+២ ទៅ​ហើយ​ខ្សែ​បម្រើ​ប្រយុទ្ធ​មក​ពី​ជប៉ុន Futa Nakamura ​បាន​តែត​ចូល​ទី​របស់​ Home United បាន​សម្រេច​​ដើម្បី​តាម​ពី​ក្រោយ​ ២-១ សម្រាប់​វគ្គ​ទី​១។

ចំពោះ​ការ​ប្រកួត​វគ្គ​ទី​២ ទាំង​ក្រុម​ម្ចាស់​ផ្ទះ និង​ក្រុម​ភ្ញៀវ​មាន​ឱកាស​វាយ​សម្រុក​រៀង​ៗ​ខ្លួន ប៉ុន្តែ​ភ្នំពេញ​ក្រោន​នៅ​តែ​មិន​សូវ​មាន​សំណាង​ល្អ​ដដែល។ នៅ​នាទី​ទី៧០ ខ្សែ​ប្រយុទ្ធ​របស់ Home United ទទួល​បាន​បាល់​ដាច់​មាត់ ប៉ុន្តែ​ស៊ុត​មិន​ចូល​ ដោយ​សារ​តែ​អ្នក​ចាំ​ទី​ កែវ សុខសិលា សង្គ្រោះ​បាល់​បាន។ ទោះ​ជា​យ៉ាង​ណា នៅ​តែ​សំណាង​អាក្រក់​របស់​ភ្នំពេញ​ក្រោន​ដោយ​ខ្សែ​ការពារ​ស៊ុត​បាល់​ខុស​ក៏​ បាល់​លោត​ចូល​ទី​តែ​ម្តង​ដើម្បី Home United នាំ​មុខ ៣-១។

ទោះ​យ៉ាង​ណា ភ្នំពេញ​ក្រោននៅ​តែ​អាច​បំប៉ោង​សំណាញ់​ទី​របស់ Home​ United ជា​លើក​ទី​២ បន្ទាប់​ពី​តារា​ជើង​ចាស់ កែវ សុខង៉ន ស៊ុត​ចូល​យ៉ាង​ស្អាត​នៅ​នាទី​ទី​៨៤ ដើម្បី​តាម​ពី​ក្រោយ ២-៣ ប៉ុន្តែ​២​នាទី​ក្រោយ​មក Home United ស៊ុត​ចូល​១​គ្រាប់​ទៀតដើម្បី​នាំ​មុខ ២-៤។ ការ​ប្រកួត​ស្ទើរ​តែ​ចប់​ទៅ​ហើយ ស្រាប់​តែ​ភ្នំពេញ​ក្រោន​ទទួល​បាន​បាល់​ពិន័យ ហើយ​តារា​ឆ្នើម Booysen ស៊ុត​ចូល​យ៉ាង​ស្អាត​នៅ​នាទី​ទី​៩០+៥ ដើម្បី​តាម​ពី​ក្រោយ ៣-៤។ ចប់​ការ​ប្រកួត​ភ្នំពេញ​ក្រោន​ចាញ់​ Home United ទាំង​ប្រផុត​ប្រផើយ​ដោយ​លទ្ធផល ៣-៤។ ជើង​ទី​ពីរ ភ្នំពេញ​ក្រោន​នឹង​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទឹក​ដី​សិង្ហបុរី​វិញ​ម្តង​នៅ​​ ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧៕

ប្រភព៖ សប្បាយ
អត្ថបទ៖ ជាន ចាន់រ៉ា

Leave a Reply

Your email address will not be published.


*


Scroll Up